ជនស៉ីវិលយ៉ាងហោច១៥នាក់ បានស្លាប់ និងជាង១០០នាក់ផ្សេងទៀត បានរងរបួស ក្នុងការប៉ះទង្គិចគ្នាសាជាថ្មី នៅឯព្រំប្រទល់រវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន

កាប៊ុល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters ជនស៉ីវិលយ៉ាងហោច១៥នាក់ បានស្លាប់ និងប្រហែលជាង១០០នាក់ផ្សេងទៀត បានរងរបួស ក្នុងការប៉ះទង្គិចគ្នាសាជាថ្មី នៅឯព្រំប្រទល់រវាងប្រទេសអាហ្វហ្កានីស្ថាន និងប្រទេសប៉ាគីស្ថាន នាថ្ងៃពុធ ទី១៥ ខែតុលា។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានអះអាងថា ជនស៉ីវិល១៥នាក់ បានបាត់បង់ជីវិត និងប្រហែល១០០នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារមកលើអាហ្វហ្កានីស្ថាន ដោយកងកម្លាំងប៉ាគីស្ថាន នាថ្ងៃពុធនេះ។ ការប៉ះទង្គិចគ្នានោះ បានកើតឡើងនៅឯស្រុក Spin Boldak ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ នៅមិនទាន់មានការចេញមុខអត្ថាធិប្បាយពីខាងប៉ាគីស្ថាន ពាក់ព័ន្ធការប៉ះទង្គិចថ្មីនេះនៅឡើយទេ។
គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន ដែលឥឡូវគ្រប់គ្រងដោយក្រុមតាលីបង់ ទើបតែកើតមានការប៉ះទង្គិចគ្នាគ្នានៅព្រំដែនជាមួយប៉ាគីស្ថាន កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។ ក្នុងការប៉ះទង្គិចគ្នាពេលនោះ ទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់ ជាង២០០នាក់ រីឯរដ្ឋាភិបាលតាលីបង់ បានអះអាងថា ទាហានប៉ាគីស្ថាន៥៨នាក់ ត្រូវបានសម្លាប់។ ក្រោយមក ប៉ាគីស្ថានបានទទួលស្គាល់ថា ទាហានរបស់ខ្លួនយ៉ាងហោច២៣នាក់បានស្លាប់ និង២៩នាក់របួស ខណៈទីក្រុងកាប៊ុល មិនបានទទួលស្គាល់ តួលេខស្លាប់និងរបួសរបស់តាលីបង់ឡើយ៕

