អាមេរិកឈរនៅជាមួយហ្វីលីពីន និងបានបញ្ជាក់ពីការពារគ្នាទៅវិញទៅមក បន្ទាប់ពីនាវាចិន និងទូកហ្វីលីពីនប៉ះទង្គិចគ្នានៅតំបន់សមុទ្រចិនខាងត្បូង

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៣ ខែតុលា បាននិយាយថាខ្លួនឈរនៅជាមួយសម្ព័ន្ធរបស់ខ្លួន គឺហ្វីលីពីន និងបានបញ្ជាក់ឡើងវិញពី សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីនាវាចិន និងទូកហ្វីលីពីនប៉ះទង្គិចគ្នាចំពេលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិនបានព្រមានកុំឱ្យហ្វីលីពីន ប្រឈមមុខនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យទឹកដី និងសិទ្ធិសមុទ្រ ព្រមទាំង ផលប្រយោជន៍របស់ខ្លួន ក្រោយនាវាឆ្មាំសមុទ្រចិន និងទូកមួយគ្រឿងរបស់ហ្វីលីពីនបានប៉ះទង្គិចគ្នានៅឯទីប្រជុំកោះ Spratly។
ឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្កោលទោសនូវអ្វីដែលលោកហៅថាសកម្មភាពបើកនាវាបំបុក និងប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ ឆ្មាំសមុទ្រចិនលើទូកហ្វីលីពីនមួយគ្រឿង ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Pigott បានគូសបញ្ជាក់ឡើងវិញថា មាត្រា ៤ នៃសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ក៏គ្របដណ្ដប់ផងដែរ លើការវាយប្រហារប្រដាប់អាវុធលើកងកម្លាំង ជលយាន ឬយន្ដហោះ ក្នុងនោះរួមមានទាំងជលយានរបស់ឆ្មាំសមុទ្រហ្វីលីពីន នៅគ្រប់ទីកន្លែងក្នុងតំបន់សមុទ្រចិនខាងត្បូង៕
