អ៊ុយក្រែន ចោទប្រកាន់រុស្ស៊ីថាប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងមីស៊ីលដែលមានគ្រឿងបង្គុំពីក្រុមហ៊ុនលោកខាងលិច ក្នុងការវាយប្រហារលើរដ្ឋធានីកៀវ

កៀវ៖ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងមីស៊ីលដែលមានគ្រឿងបង្គុំពីក្រុមហ៊ុនលោកខាងលិច ក្នុងការវាយប្រហារលើរដ្ឋធានីកៀវ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ហ្សេឡេនស្គីរៀបរាប់ថា អាវុធរាប់រយមុខដែលប្រើប្រាស់ក្នុងការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានគ្រឿងបង្គុំរាប់ម៉ឺនដែលផលិតដោយក្រុមហ៊ុននៅសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ស្វីស ជប៉ុន កូរ៉េខាងត្បូង ហូឡង់ តៃវ៉ាន់ និងចិន។ ជាឧទាហរណ៍ គ្រឿងបង្គុំផលិតនៅបរទេសចំនួន១០០ ៦៨៨ ត្រូវបានរកឃើញនៅក្នុងយន្តហោះគ្មានមនុស្សបើក រួមជាមួយ១៥០០នៅក្នុងមីស៊ីល Iskander, ១៩២ នៅក្នុងមីស៊ីល Kinzhal និង៤០៥នៅក្នុងមីស៊ីលតម្រង់ទិសKalibr។
លោកបានធ្វើការចោទប្រកាន់នេះ ខណៈដែលអ៊ុយក្រែន និងដៃគូអឺរ៉ុបមួយចំនួនកំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង និងការត្រួតពិនិត្យកាន់តែខ្លាំង ដើម្បីបិទចន្លោះប្រហោងលើដែនកំណត់ពាណិជ្ជកម្មបច្ចុប្បន្ន ដែលបានដាក់លើរុស្ស៊ី បន្ទាប់ពីការលុកលុយលើប្រទេសជិតខាងរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ទន្ទឹមនោះ លោក ហ្សេឡេនស្គី បានប្រកាសផែនការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ្នកដែលជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ដោយបញ្ជាក់ថា ទិន្នន័យទូលំទូលាយ ស្ដីពីក្រុមហ៊ុន និងផលិតផលដែលពាក់ព័ន្ធ ត្រូវបានចែករំលែកជាមួយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន៕

