កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» “Digital Social Protection Platform” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចកត្តាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១៖ ការធ្វើឌីជីថលូបនីយកម្មកម្រិតប្រតិបត្តិករ៖ ប្រតិបត្តិករគាំពារសង្គមស្ទើរទាំងអស់ បានអភិវឌ្ឍ និងបានដាក់ឱ្យដំណើរការយ៉ាងរលូន នូវប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការ នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ព្រមទាំងបាននឹងកំពុងបន្តធ្វើទំនើបកម្ម និងបច្ចុប្បន្នកម្មមុខងារស្នូលរៀងខ្លួន។
ទី២៖ ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈថ្នាលគាំពារសង្គមឌីជីថលកម្ពុជា៖ កិច្ចការនេះបានចាប់ផ្តើមជាមួយនឹងការដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គម ឌីជីថលកម្ពុជាជំនាន់ទី១.០ ដោយអនុវត្តមុខងារចុះបញ្ជីតែមួយគត់ គឺកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងត្រូវបានដាក់ឱ្យអនុវត្តសាកល្បង ក្នុងស្រុកជើងព្រៃ នៃខេត្តកំពង់ចាម និងក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប កាលពីដើមឆ្នាំ២០២៤។
ថ្នាលជំនាន់ទី១.០នេះ ត្រូវបានបន្តធ្វើទំនើបកម្ម ទៅជាថ្នាលគាំពារសង្គមឌីជីថលកម្ពុជាជំនាន់ទី ២.០ ដោយធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងបន្ថែមមុខងារចុះបញ្ជីមួយចំនួន នៅលើថ្នាលឌីជីថលរួមតែមួយ មានជាអាទិ៍៖ (១). ការចុះបញ្ជី និង ការបើកផ្តល់អត្ថប្រយោជន៍ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, (២). ការចុះបញ្ជីក្នុងយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ, (៣). ការចុះបញ្ជីក្នុងយន្តការកំណត់អត្តសញ្ញាណជនមានពិការភាព, (៤). ការចុះបញ្ជីកម្មវិធីជាតិជំនួយសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, (៥). ការចុះបញ្ជីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំ ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ នៅជាមួយម្តាយ, និង(៦). ការចុះបញ្ជីកម្មវិធីបើកផ្តល់សាច់ប្រាក់របប សន្តិសុខសង្គមជូន អតីតយុទ្ធជន, អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។
ទី៣៖ ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដោយរួមក្រសោបនូវការតភ្ជាប់ និងការធ្វើអន្តរប្រតិបត្តិការ ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន ចំនួន៦ រួមមាន៖ ១). ប្រព័ន្ធបច្ចេកវិទ្យា-ព័ត៌មាននៃបេឡាជាតិសន្តិសុខសង្គម, ២). ប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃមូលនិធិ ជាតិជំនួយសង្គម, ៣). ប្រព័ន្ធអេឡិចត្រូនិកកត់ត្រាទិន្នន័យអ្នកជំងឺ នៃទី-ភ្នាក់ងារជាតិបញ្ជាក់ចំណាយ, ៤). ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្ម គ្រួសារក្រីក្រនៃនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ, ៥). ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មជនមានពិការភាព នៃនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និង៦). ប្រព័ន្ធអត្តសញ្ញាណកម្មរួម នៃក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន ចំនួន ៥ ផ្សេងទៀត ដែលរួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម, ក្រសួងមុខងារសាធារណៈ និងអគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពតភ្ជាប់ជាមួយ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម សំដៅបង្កើនប្រសិទ្ធភាព និងសុក្រឹតភាព សម្រាប់យន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដោយផ្ទៀងផ្ទាត់ទិន្នន័យសម្មតិកម្ម ក្នុងការគណនាពិន្ទុនៃភាពក្រីក្រ ក្នុងកាលិកពិត ឬជាភាសាអង់គ្លេស In Real-time។
ទី៤៖ ការធ្វើទំនើបកម្មមុខងារចុះបញ្ជីគាំពារសង្គម តាមរយៈការដាក់ឱ្យដំណើរការនូវមុខងារស្វែងរករហ័ស ឬ Fast Search ដែលមន្ត្រីអនុវត្តកម្មវិធី អាចស្វែងរកទិន្នន័យចុះបញ្ជីអ្នកទទួលផលតាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន ឬប្រើប្រាស់ជីវមាត្រ ដោយផ្តិតខ្ចៅដៃ ឬស្កែនផ្ទៃមុខ ព្រមទាំងមុខងារចាប់យកទិន្នន័យពីរូបភាព ឬហៅម្យ៉ាងទៀតថា OCR ដើម្បីពន្លឿនរំហូរនៃការចុះបញ្ជី រួមទាំងការដាក់ឱ្យដំណើរការនូវមុខងារសំខាន់ផ្សេងទៀត រួមមានការគ្រប់គ្រងបណ្តឹង និងមតិត្រឡប់មុខងារវិភាគទិន្នន័យ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅថា Social Protection Intelligence, និង មុខងារតាមដាន និងវាយតម្លៃ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ជាក់ស្តែង ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជំនាន់ទី២.០ ដែលជាសមិទ្ធផលរួមរបស់យើង និង ជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យដំណើរការនាពេលនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែជាការបំពាក់បន្ថែម នូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថល ដែលរួមមានកុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ, ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ សង្កាត់ ទូទាំងប្រទេសជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូននាពេលកន្លងទៅ៕

