បណ្តាមេដឹកនាំសហភាពអឺរ៉ុប គាំទ្រផែនការការពារជាតិរបស់ប្លុក ប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៉ី

កូប៉ិនហាក៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥ បណ្តាមេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធសប្តាហ៍នេះ បានគាំទ្រផែនការការពារជាតិរបស់ប្លុក ប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៉ី នៅពេលជួបប្រជុំក្នុងទីក្រុង Copenhagen ប៉ុន្មានថ្ងៃបន្ទាប់ពីមានការបំពានដោយដ្រូន លើដែនអាកាសដាណឺម៉ាក។
នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា «អឺរ៉ុប ត្រូវតែមានសមត្ថភាការពារខ្លួន។ យើងត្រូវពង្រឹងការផលិតដ្រូន ប្រព័ន្ធប្រឆាំងដ្រូន ដោយកសាងបណ្តាញអឺរ៉ុបមួយ ដែលអាចទាំងការពារ និងបង្រ្កាបការឈ្លានពានពីខាងក្រៅ»។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា «រុស្ស៊ីព្យាយាមធ្វើតេស្ត សាបព្រួសឱ្យមានការបែកខ្ញែកគ្នា និងការព្រួយបារម្ភនៅក្នុងសង្គម។ ប៉ុន្តែយើងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងឡើយ»។
ថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ក៏បាននិយាយដែរថា ព្រំដែនភាគខាងត្បូងរបស់អឺរ៉ុប មិនគួរត្រូវបានធ្វេសប្រហែសនោះទេ ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមានវិធីសាស្រ្តទូលំទូលាយមួយ ដើម្បីដោះស្រាយការគំរាមកំហែងដោយដ្រូន។
គួរបញ្ជាក់ថា រុស្ស៉ី បានបដិសេធទាក់ទងនឹងឧប្បត្តិហេតុដ្រូន នៅលើទឹកដីដាណឺម៉ាក ហើយថាយន្តហោះចម្បាំងរបស់ខ្លួន មិនបានចូលទៅក្នុងដែនអាកាសអេស្តូនី និងគ្មានចេតនាបញ្ជូនដ្រូនចូលទៅប៉ូឡូញនោះទេ៕

