អភិបាលខេត្តកែប ជួបសំណេះសំណាល សួរសុទ្ខទុក្ខក្រុមគ្រួសារវីរកងទ័ព

កែប៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះតាមខ្នងផ្ទះ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងទឹកចិត្តដល់ក្រុមគ្រួសារ សាច់ញាតិបងប្អូនវីរកងទ័ពដែលមានទីលំនៅអចិន្រ្តៃយ៍នៅក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ ខេត្តកែប។
ឯកឧត្ដម បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលសម្តេចលោកតែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ៗមូលដ្ឋានដោយមិនប្រកាន់និន្នាការឡើយ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែម សូមអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងដឹកនាំប្រទេសប្រកបសន្តិភាព និងការអភិវឌ្ឍន៏ ជាពិសេសលើកិច្ចការការពារព្រំដែន ដោយត្រូវមានការអត់ធ្មត់ខ្ពស់ ដើម្បីទប់ស្កាត់កុំឲ្យមានការផ្ទុះអាវុធ ឬញុះញង់ឲ្យមានអំពើហឹង្សាណាមួយកើតឡើង ដែលអាចបង្កផលវិបាកដល់ប្រទេសជាតិ និងប្រជាជន។
ជាមួយនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនប្រកបដោយភាពអង់អាចក្លាហាន។
អំណោយដែលឯកឧត្តមអភិបាលខេត្ត បានយកផ្តល់ជូនក្រុមគ្រួសារ សាច់ញ្ញាតិកងទ័ពក្នុងឱកាសនេះរួមមាន៖ អង្ករ មី ត្រីខ ប្រេងឆា ប៊ចេង ឃីត ០១កញ្ចប់ និងថវិកាមួយចំនួន៕

