ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការដឹកនាំ ការគ្រប់គ្រង និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការដឹកនាំ ការគ្រប់គ្រង និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណែនាំថ្នាក់ជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងអង្គការយូនីសេហ្វ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្ដីព្រាងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើការដឹកនាំ ការគ្រប់គ្រង និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំថ្នាក់ជាតិ ដើម្បីធានាថា ឯកសារនេះទទួលបានធាតុចូលបន្ថែម និងមានសង្គតិភាពជាមួយលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីកំណត់ ក្លាយជាឧបករណ៍ដែលមានលក្ខណៈវិទ្យាសាស្ត្រ សម្រាប់វាយតម្លៃនូវប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការរួមចំណែកសម្រេចបាននូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ៕

