បិទចរាចរណ៍កំណាត់ផ្លូវជាតិលេខ៧៦ពីគីឡូម៉ែត្រលេខ២៧០ដល់២៧៣ដោយសារជំនន់ទឹកភ្លៀង

ដោយសារមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ព្រោះទឹកជន់លិចផ្លូវពិបាកធ្វើចរាចរណ៍។ ដូច្នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រកាសបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧០ដល់បង្គោលគីឡូម៉ែត្រលេខ២៧៣រហូតដល់មានការជូនដំណឹងជាថ្មី។
ការប្រកាសបិទចរាចរណ៍នេះ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្ត បញ្ជាក់ថា ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ដូច្នេះថា៖ «សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងរគ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួចចំណែកថែរក្សាផ្លូវថ្នល់ ស្ពានប្រើប្រាស់បានយូរអង្វែង៕

