ឯកឧត្ដម រិន វីរៈ ដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមប្រឹក្សាភិបាល វ.ជ.ស. រួមទាំងមន្រ្តីជំនាញ វ.ជ.ស. ជាមួយក្រុមបេសកកម្មរបស់ IMF

ភ្នំពេញ៖នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមប្រឹក្សាភិបាល វ.ជ.ស. រួមទាំងមន្រ្តីជំនាញ វ.ជ.ស. ជាមួយក្រុមបេសកកម្មរបស់ IMF នៅទីស្តីការក្រសួងផែនការ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា លើលទ្ធផលបេសកកម្ម របស់ IMF លើការរៀបចំរបាយការណ៍សង្កេតការណ៍ ស្តីពីស្តង់ដានិងអភិក្រមនៃទិន្នន័យស្ថិតិ ចាប់ពីថ្ងៃទី៨ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានស្វាគមន៍ក្រុមបេសកកម្មរបស់ IMF ដែល បានជួបពិភាក្សាជាមួយក្រុមការងាររបស់វិទ្យាស្ថានជាតិស្ថិតិ និងក៏បានជម្រាបជូនថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំឱ្យ វ.ជ.ស. ជួបពិភាក្សាការងារជាមួយ ក្រុមបេសកកម្មរបស់ IMF រៀបចំរបាយការណ៍សង្កេតការណ៍ ស្តីពីស្តង់ដានិងអភិក្រមនៃទិន្នន័យ ស្ថិតិ។
នៅក្នុងកិច្ចប្រជុំនោះ លោក Paul Austin បានជម្រាបជូនអង្គប្រជុំថា គោលបំណងរបស់បេសកកម្ម IMF គឺដើម្បីវាយតម្លៃក្របខណ្ឌស្ថាប័នដែលគាំទ្រស្ថិតិម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា (វិទ្យាស្ថានជាតិស្ថិតិ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) និង ឆ្លើយតបនឹងកម្មវិធីស្ថិតិ និងលទ្ធផល។
ចំពោះ វិសាលភាពនៃការវាយតម្លៃចែកចេញជា២៖ ១) កម្មវិធីស្ថិតិ (គណនេយ្យជាតិនិងសន្ទស្សន៍ថ្លៃ របស់ វ.ជ.ស. ស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ តុល្យភាពនៃការទូរទាត់ និងស្ថិតិ IIP របស់ធនាគារ ជាតិនៃកម្ពុជា និងស្ថិតិហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល និងស្ថិតិបំណុលវិស័យសាធារណៈរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) និង ២) DQAF Templates (questionnaires)។
ឆ្លើយតបនៅនឹងតំណាង IMF ឯកឧត្តម រិន វីរៈ បានជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានកំណែទម្រង់ វ.ជ.ស. ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ដើម្បីឱ្យក្លាយ ជាស្ថាប័នប្រមូល ចងក្រង វិភាគទិន្នន័យស្ថតិ។

