កម្ពុជា-ថៃ ឯកភាពគ្នាជាថ្មី ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ កិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ភាគីទាំងពីរ បានឯកភាពគ្នា ពង្រឹងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
តាមរយៈសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្នុងចំណោមចំណុចសំខាន់ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្នុងនោះ យើងក៏បានឯកភាពគ្នាផងដែរ ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ជាដើម។
ឯកឧត្តមបន្ថែមថា ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី ពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មានដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។ ក្នុងន័យនេះ អង្គប្រជុំបានប្រគល់ភារកិច្ចដល់ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ ដើម្បីធ្វើការ រៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាខាងលើ។
គួររម្លឹកថា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃបានបង្ហាញពីឆន្ទៈរួមគ្នារួចហើយពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈ ក្របខ័ណ្ឌដែលមានស្រាប់ផងដែរ។
ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

