ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការចាប់ខ្លួនពលរដ្ឋរាប់រយនាក់ ក្នុងការវាយឆ្មក់លើជនអន្តោប្រវេសន៍អាម៉េរិក

សេអ៊ូល៖ កាលពីថ្ងៃសៅរ៍ទី៦កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេមយ៉ុង បានបញ្ជាឱ្យខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការចាប់ខ្លួនពលរដ្ឋរាប់រយនាក់ ក្នុងការវាយឆ្មក់លើជនអន្តោប្រវេសន៍អាម៉េរិកនៅរោងចក្រផលិតអាគុយរថយន្ត Hyundai Motor។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យុន (Cho Hyun) បាននិយាយថា រដ្ឋាភិបាលបានបង្កើតក្រុមមួយ ដើម្បីឆ្លើយតបនឹងការចាប់ខ្លួនជនជាតិកូរ៉េជាង៣០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍ទី៤កញ្ញានៅឯរោងចក្រក្នុងរដ្ឋចចជៀ Georgia ភាគខាងត្បូង។ លោក ឆូ អាចនឹងទៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួបជាមួយមន្ត្រីអាម៉េរិក ប្រសិនបើចាំបាច់។
លោក ឆូ បានប្រាប់កិច្ចប្រជុំបន្ទាន់របស់រដ្ឋាភិបាលថា៖«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា មានទំនួលខុសត្រូវខ្ពស់ចំពោះការចាប់ខ្លួនពលរដ្ឋរបស់យើង»។
ឧប្បត្តិហេតុនេះ អាចធ្វើឱ្យមានភាពតានតឹងរវាងរដ្ឋបាល ត្រាំ និងរដ្ឋធានីសេអ៊ូល ជាសម្ព័ន្ធមិត្ត និងវិនិយោគិនអាស៊ីដ៏សំខាន់។ ប្រទេសទាំង២ មានការទាស់ទែងគ្នា ជុំវិញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរួមបញ្ចូលការវិនិយោគចំនួន៣៥០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូងនៅក្នុងសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថា វីដេអូមួយត្រូវបានចេញផ្សាយដោយប៉ូលិសអន្តោប្រវេសន៍ និងការអនុវត្តច្បាប់របស់សហរដ្ឋអាម៉េរិក បង្ហាញថា កម្មករអាស៊ីត្រូវបានបញ្ជូនឡើងលើរថយន្តក្រុងបន្ទាប់ពីការវាយឆ្មក់។ ការចាប់ខ្លួនកម្មករប្រហែល៤៧៥នាក់ រួមទាំងជនជាតិកូរ៉េជាង៣០០នាក់ ជាផ្នែកមួយនៃការបង្រ្កាបកាន់តែខ្លាំងឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើជនអន្តោប្រវេសន៍ គឺជាប្រតិបត្តិការអនុវត្តតែមួយកន្លែងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េរិក៕

