ឯកឧត្ដម រិន វីរៈ និងឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយកាណ៍លទ្ធផលនៃអង្កេតនវានុវត្តន៍ខេត្តស្វាយរៀង ឆ្នាំ២០២៣

ស្វាយរៀង÷នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ រួមទាំងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយកាណ៍លទ្ធផលនៃអង្កេតនវានុវត្តន៍ខេត្តស្វាយរៀង ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីបង្ហាញអំពីរបកគំហើញសំខាន់ៗពាក់ព័ន្ធនឹងទិន្នន័យស្ថិតិនវានុវត្តន៍នៅ កម្រិតថ្នាក់ខេត្ត ដែលបានពីការធ្វើអង្កេតសំណាកគំរូលើអង្គភាពសេដ្ឋកិច្ច សម្រាប់ធ្វើជាមូលដ្ឋានទិន្នន័យជាធាតុចូលគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគខេត្ត ដោយផ្អែកលើភស្តុតាងនៃទិន្នន័យស្ថិតិនវានុវត្តន៍ក្នុងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅខេត្តស្វាយរៀង។
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា ដោយផ្អែកលើរបាយការណ៍របកគំហើញលទ្ធផលនៃអង្កេតផ្នែកនវានុវត្តន៍ដែលបានពីការធ្វើអង្កេត នៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង បានបង្ហាញនូវទស្សនវិស័យកម្រិតថ្នាក់ខេត្តអំពីសារសំខាន់នៃការអនុវត្តលើផ្នែកនវានុវត្តន៍ដែលត្រូវបានអនុវត្តដោយអង្គភាពសេដ្ឋកិច្ចនៅក្នុងខេត្តនិមួយៗ ដើម្បីឆ្លុះបញ្ចាំងអំពីទិន្នន័យ ព័ត៌មាន និងសូចនាករសំខាន់ៗ សម្រាប់គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខេត្តសាមី ដែលពាក់ព័ន្ធនឹងផ្នែកសំខាន់ៗរួមមាន៖ ១)-ការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្ម ២)- ការស្រាវជ្រាវនិងការអភិវឌ្ឍ និងការវិនិយោគលើផ្នែកនវានុវត្តន៍ ៣)-ការអភិវឌ្ឍមូលធនមនុស្ស និងជំនាញ ៤)-ការ គាំទ្រផ្នែកស្ថាប័ននិងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍ និង៥)- វិភាគលទ្ធ ផលសង្គមនិងទីផ្សារ។
ឯកឧត្តមបានបន្ថែមទៀតថា ទោះបីជារបកគំហើញលទ្ធផលនៃអង្កេតផ្នែកនវានុវត្តន៍នេះ ត្រូវបានធ្វើនៅកម្រិតថ្នាក់ខេត្តក៏ដោយ ក៏របាយការណ៍លទ្ធផលនៃអង្កេតនវានុវត្តនេះ នៅតែមានសារៈសំខាន់ក្នុងការកំណត់អាទិភាពវិនិយោគក្នុងផ្នែកទំនើបកម្មឧស្សាហកម្ម ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគាំទ្រនវានុវត្តន៍ និងការគាំទ្រកម្មវិធីវិនិយោគសាធារណៈរបស់ខេត្តស្វាយរៀង ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងលទ្ធផលដែលអាចវាស់វែងបាននៅក្នុងផលិតភាពការងារ ការប្រកួតប្រជែង និងនិរន្តរភាពរបស់ខេត្តស្វាយរៀង។ លើសពីនេះ បានបង្ហាញអំពីសូចនាករទាក់ទងទៅនឹងសកម្មភាពនវានុវត្តន៍ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការបណ្តុះបណ្តាលជំនាញ ហិរញ្ញប្បទាន និងសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់អង្គភាពអាជីវកម្ម ដែលបានកំពុងអនុវត្តការនវានុវត្តលើផលិតផល ដំណើរការអនុវត្តអាជីវកម្ម ដំណើរការគ្រប់គ្រងអាជីវកម្ម និងការនវានុវត្តទីផ្សារ ដែលជាកត្តាសំខាន់ពាក់ព័ន្ធទៅនឹងសូចនាករការអនុវត្តតាមដាន និងវាយតម្លៃរបស់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៅក្នុងផ្នែកកំណើននៃផលិតភាពសរុប ការពិពិធកម្ម មូនធនមនុស្ស និងការនវានុវត្ត។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា អង្គសិក្ខាសាលាក៏ដូចជារដ្ឋបាលខេត្ត និងជាពិសេសមន្ទីរជំនាញពាក់ពន្ធ័ និងទទួលបានចំណេះដឹងបន្ថែមទៀតអំពីទិន្នន័យស្ថិតិនវានុវត្តន៍ សម្រាប់គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅខេត្តស្វាយរៀង ប្រកបដោយប្រសិទ្ធភាព។

