ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកោះកុងថ្មី

កោះកុង៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកោះកុង(ថ្មី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពសាលាខេត្តកោះកុង។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងបណ្ដាខេត្តផ្សេងទៀត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។
សូមបញ្ជាក់ជូនថា លោកជំទាវ ឈី វ៉ា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហឫទ័យប្រោសប្រទានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកោះកុង(ថ្មី) ជំនួស លោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី៕

