UNHCR ប្រកាសពីផែនការកាត់បន្ថយថវិកា ជិត ១ភាគ ៥សម្រាប់ឆ្នាំ២០២៦

ញូវយ៉ក៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ ២០២៥ ទីភ្នាក់ជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR បានប្រកាសពីផែនការកាត់បន្ថយថវិកា ជិត ១ភាគ ៥សម្រាប់ឆ្នាំ ២០២៦ ដោយសារតែឧបសគ្គផ្នែកហិរញ្ញវត្ថុ បើទោះបីជាកត្តាសង្រ្គាម រួមទាំងនៅស៊ូដង់ កំពុងរុញច្រានឱ្យមនុស្សចាកចេញពីផ្ទះរបស់ពួកគេក៏ដោយ។
ថវិកាឆ្នាំ ២០២៦ របស់ UNHCR នឹងចុះមកនៅត្រឹម ៨.៥ពាន់លានដុល្លារ ពីចំនួន ១០.២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ UNHCR ក៏មានគម្រោងបិទការិយាល័យរបស់ខ្លួននៅអាហ្វ្រិកខាងត្បូងផងដែរ និងកាត់បន្ថយការងារជិត ៤ ០០០កន្លែង។
អ្នកនាំពាក្យរបស់ UNHCR និយាយថា ការកាត់បន្ថយថវិកានៅតែអាចទៅរួច ចាប់តាំងពីទីភ្នាក់ងារនេះទទួលបានមូលនិធិ ក្នុងចំនួនត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការកាត់បន្ថយពីសំណាក់ម្ចាស់ជំនួយ កំពុងបង្កើតហានិភ័យកាន់តែច្រើនសម្រាប់ជនភៀសខ្លួន តាមរយៈភាពងាយរងគ្រោះ ដោយសារតែគ្មានជំនួយគ្រប់គ្រាន់។
គួរបញ្ជាក់ថា បើតាម UNHCR ចំនួនអ្នកផ្លាស់ទីលំនៅដោយបង្ខំ ក៏ជាអ្នកដែលគ្មានកន្លែងរស់នៅទូទាំងពិភពលោក នឹងកើនដល់ចំនួន ១៣៦លាននាក់នៅឆ្នាំ ២០២៦ ដែលកើនឡើងពីចំនួន ១២៩.៩លាននាក់ក្នុងឆ្នាំ ២០២៤៕

