អ្នកនាំពាក្យ៖ កម្ពុជា-វៀតណាម បានជជែកអំពីយន្តការជំរុញការអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្ដម ផាម មិញជិញ , ភាគីទាំងពីរបានជជែកអំពីយន្តការជំរុញការអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យមានប្រសិទ្ធភាព ហើយវៀតណាមនឹងធ្វើការជាមួយប្រធានអាស៊ានប្តូរវេន ដើម្បី ជំរុញឱ្យស្ថានភាពវិលមករកប្រក្រតីភាពឡើងវិញ។
ឯកឧត្ដម ជា ធីរិទ្ធ បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្រោយការបញ្ចប់ទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម របស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្ដមអ្នកនាំពាក្យបានគូសបញ្ជាក់ថា វៀតណាមចង់ឃើញភាគីទាំងពីរ គឺកម្ពុជា និងថៃ ដោះស្រាយជាមួយគ្នាដោយសន្តិវិធី ដើម្បីធ្វើឱ្យស្ថានភាពវិលមករកប្រក្រតីភាពឡើងវិញ។ ទន្ទឹមគ្នានេះ វៀតណាមនឹងខិតខំប្រឹងប្រែងធ្វើការងារនេះជាមួយនឹង ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីឃ្លាំមើល និងធានាថាបទឈប់បាញ់រវាងកម្ពុជា បានអនុវត្តមានប្រសិទ្ធភាព៕

