ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំ ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ។
ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី ៖ សកម្មភាពថ្នាក់ដឹកនាំ ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធី ការងារសន្តិសុខពន្ធនាគារ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ការងារសុខភាពពន្ធនាគារ ការងារសំណង់ពន្ធនាគារ និងកិច្ចការរដ្ឋបាល អគ្គនាយកដ្ឋានពន្ធនាគារ និងបន្តជំរុញដល់បណ្តានាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឱ្យអនុវត្តការងារដែលនៅសេសសល់ រួមទាំងការងារថ្មីៗ សម្រាប់អនុវត្តឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖
– សូមតាមពន្ធនាគារត្រូវបន្តធ្វើការងារតាមគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារអោយបានកាន់តែល្អប្រសើរ
– សូមពិនិត្យមើលលើការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធផ្ទះមុខងាររបស់មន្រ្តី
– សូមជួយពិនិត្យមើលលើភាពចង្អៀតណែនតាមពន្ធនាគារ និងអនាម័យលើជនជាប់ឃុំអោយបានល្អប្រសើរ
– សូមបន្តយកចិត្តទុកដាក់លើការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនជាប់ឃុំ និងមន្រ្តី
– សូមបន្តធ្វើការយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់
– ជំរុញលើកិច្ចការងារបែងចែកចំណាត់ថ្នាក់សន្តិសុខ
– គ្រប់ពន្ធនាគារទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើជំងឺឆ្លងរមាស់នៅក្នុងពន្ធនាគារជាពិសេសគឺសុខភាពរបស់ជនជាប់ឃុំ
– សូមអគ្គនាយកដ្ឋានបន្ត និងជំរុញលើកិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរ

