សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ ប្រទេសជាសមាជិកទាំងអស់។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រ ជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO Plus Summit) ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីនប្រទេសចិន ក្រោមមូលបទ «ការអនុវត្តពហុភាគីនិយម, ការធានាសន្តិសុខតំបន់ និង ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព» នៅរសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា “ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់, ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និង ការបង្កើតអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់យើងទាំងអស់គ្នា”។
សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រធានាធិបតី ស៊ី ជីនពីង និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និងគណៈប្រតិភូកម្ពុជា និងសម្រាប់ការរៀបចំបានយ៉ាងល្អ នូវ កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះសម្តេចបានវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ «ស្មារតីសៀងហៃ» (Shanghai Spirit) និងការត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍថ្មីរបស់ SCO។
សម្តេចបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបញ្ជាក់បន្ថែមពីតម្រូវការក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការជំរុញសកម្មភាពនៃការដោះស្រាយបញ្ហាប្រឈមជាសកល។ ក្នុងន័យនេះ, កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិនដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល ប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃសមភាពអធិបតេយ្យ, នីតិរដ្ឋ, ពហុភាគីនិយម, ការយកប្រជាជនជាធំ, និងលទ្ធផលជាក់ស្តែង។
សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួន ជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះដោយមាន «ស្មារតីសៀងហៃ» ជាមគ្គុទេសក៍ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលផ្តល់អាទិភាពដល់កិច្ចសហ-ប្រតិបត្តិការ, ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក, ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ, និងការផ្តល់តម្លៃខ្ពស់ដល់ភាពចម្រុះ។ ក្នុងស្មារតីនេះ, បន្ទាប់ពីបាន ក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥, កម្ពុជាបានផ្តល់សារៈសំខាន់ខ្ពស់ ដល់ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក SCO, រដ្ឋសង្កេតការណ៍ និង ដៃគូសន្ទនា នៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក៕

