ឯកឧត្តម ហេង ណន អញ្ជើញក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើកទី៤ លើសេចក្ដីព្រាងច្បាប់ ស្ដីពីភស្តុភារកម្ម

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនានាលើកទី៤ លើសេចក្ដីព្រាងច្បាប់ ស្ដីពី “ភស្តុភារកម្ម” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងពីអគ្គនាយកដ្ឋាន-នាយកដ្ឋានក្រោមឱវាទក្រសួង, កំពង់ផែស្វយ័តភ្នំពេញ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ (AFD, World Banks, IFC, UNDP, ADB, JICA …) និងវិស័យឯកជន (CCC, CLA, CAMTA, JBAC, LOSCBA, JETRO, AmCham, EuroCham, AEON Mall, Khmer Cold Chain, J&T, Tela, TAFTAC …) សរុបចំនួន ១៥០រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើការធ្វើបច្ចុប្បន្នភាព ឬការកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដែលបានពិភាក្សាកន្លងមក ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងវិស័យភស្ដុភារកម្មព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពធន់ មានស្តង់ដាររួម កាត់បន្ថយចំណាយឡូជីស្ទីក ការលើកម្ពស់ឧត្តមានុវត្ត (Best Practices) បង្កើនភាពប្រកួតប្រជែង ព្រមទាំងបង្កើននូវទំនុកចិត្តពីសាធារណៈជនផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តការងារយ៉ាងសកម្មលើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី «ភស្ដុភារកម្ម» ដែលជាឯកសារគតិយុត្តដ៏មានសារៈសំខាន់ និងជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការជួយជំរុញនូវខឿនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យម និងមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៥០។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ថ្មី នេះ ត្រូវបានរៀបរៀង កែសម្រួលតាមមតិយោបល់និងធាតុចូលពីភាគីពាក់ព័ន្ធរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ ដោយមានចំនួន ១៥ជំពូក និងមានចំនួន ១៦១មាត្រា ហើយសេចក្តីព្រាងច្បាប់នេះ ក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ផងដែរ។
ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមចូលរួមទាំងអស់ ចូលរួមផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀត និងយល់ដឹងពីសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម នេះ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមពង្រឹង ពង្រីក និងអភិវឌ្ឍបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្មនេះ ដោយធានាបានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងចីរភាពនៃវិស័យភស្តុភារកម្ម ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រគួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

