ឯកឧត្តម សូ មុនីរក្សា អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបណ្ដុះបណ្ដាលវិក្រឹតការមូលដ្ឋាន ជំនាន់ទី៩ វគ្គ១ និងវគ្គ២

ភ្នំពេញ៖ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបណ្ដុះបណ្ដាលវិក្រឹតការមូលដ្ឋាន ជំនាន់ទី៩ វគ្គ១ និងវគ្គ២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជានាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំងសិក្ខាកាមជាច្រើនរូប នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះដែរ ឯកឧត្តម នាយកសាលា បានថ្លែងកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ រហូតបញ្ចប់ដោយជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត និងយកចំណេះដឹង និងជំនាញដែលទទួលបានពីកម្មវិធីបណ្ដុះបណ្ដាលទៅអនុវត្តក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយចក្ខុវិស័យខ្ពស់។ ជាមួយគ្នាផងដែរ ឯកឧត្តមនាយក ក៏បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះផងដែរ។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញហ្ស៊ូម(Zoom) និងដោយផ្ទាល់នៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់សិក្ខាកាមក្រុមគោលដៅដែលមានមុខតំណែងជាអនុប្រធានការិយាល័យនៅទីស្ដីការក្រសួងមហាផ្ទៃ និងប្រធានការិយាល័យនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបចំនួន ៨០រូប (ស្រី ១៩រូប)៕

