ឯកឧត្ដម ប៉ែន បូណា៖ ១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងដែលសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ក៏ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងដែលសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ។
ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា “រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ក៏ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង ទាំងភាគីកម្ពុជា ថៃ និងភាគីពាក់ព័ន្ធ ដោយសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ”។
ឯកឧត្ដមបន្ថែមថា លទ្ធផលវិជ្ជមានទាំងនោះមានដូចជា កិច្ចប្រជុំ GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយសម្រេចបានលទ្ធផល១៣ចំណុច, កិច្ចប្រជុំ RBC ចំនួន៤លើក ដែលទទួលបានលទ្ធផលឯកភាពគ្នាជាច្រើន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដោះស្រាយបញ្ហា បន្ធូរបន្ថយភាពតានតឹង បញ្ចៀសនូវផ្ទុះអាវុធ។ ក្រៅពីនោះ ប្រទេសទាំងពីរ ក៏បានរៀបចំដំណើរទស្សនកិច្ចអង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន IOT ដែលមានសមាសភាពចូលរួមដោយអនុព័ន្ធយោធាប្រទេសនីមួយ ដែលបានរៀបចំជាច្រើនឡើងចុះពិនិត្យព្រំដែនដែលមានជម្លោះ ដើម្បីពិនិត្យមើលជាក់ស្តែង និងធ្វើជាសាក្សី។ បន្ថែមពីនេះ ថ្នាក់ដឹកនាំកំពូលកម្ពុជា ថៃ និងម៉ាឡេស៊ី តែងតែទាក់ទងគ្នាជាបន្តបន្ទាប់ ដើម្បីជជែកដោះស្រាយបញ្ហានានា ក្នុងន័យបញ្ចៀសភាពតានតឹង ធ្វើយ៉ាងណាឱ្យបទឈប់បាញ់ ឱ្យស្ថិតនៅជាធរមាន៕
