កូរ៉េខាងត្បូង បង្ហាញពីផែនការវិនិយោគដ៏សម្បើមនៅក្នុងសហរដ្ឋអាមេរិក

សេអ៊ូល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ កូរ៉េខាងត្បូង បានបង្ហាញពីផែនការវិនិយោគដ៏សម្បើមនៅក្នុងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនរបស់ខ្លួន ដែលរួមមានការកសាងនាវា ថាមពលនុយក្លេអ៊ែរ អាកាសចរណ៍ វិស័យថាមពល និងរ៉ែសំខាន់ៗ។
ការប្រកាសពីផែនការនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង។ ទំហំនៃការវិនិយោគគឺមានចំនួន ១៥០ពាន់លានដុល្លារ ដោយក្រុមអ្នកទទួលបន្ទុកធុរកិច្ចកូរ៉េខាងត្បូងនិយាយថា នឹងមានការវិនិយោគលើវិស័យដូចជា AI បន្ទះឈីប បច្ចេកវិទ្យាជីវសាស្រ្ត ការកសាងនាវា និងថាមពលនុយក្លេអ៊ែរ។
ក្រៅពីនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមបង្កើតកិច្ចព្រមព្រៀងមិនជាប់កាតព្វកិច្ចមួយ ដើម្បីគ្រប់គ្រងមូលនិធិវិនិយោគចំនួន ៣៥០ពាន់លានដុល្លារ ដែលទីក្រុងសេអ៊ូលបានស្នើឡើងកាលពីខែកក្កដា និងដែលជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយអត្រាពន្ធគំរាមកំហែងរបស់អាមេរិកលើទំនិញកូរ៉េ។
តាមលោក Kim Yong-beom ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង ការវិនិយោគនឹងរួមបញ្ចូលគម្រោងដែលធ្លាប់ប្រកាស ដូចជាក្រុមហ៊ុន Samsung បើករោងចក្រផលិតបន្ទះឈីបថ្មីនៅរដ្ឋ Texas និងក្រុមហ៊ុន Hyundai Motor’s បើករោងចក្រផលិតរថយន្តថ្មីនៅហ្សកហ្ស៉ី ក៏ដូចជាផែនការរបស់ក្រុមហ៊ុន Hanwha ដើម្បីពង្រីកកន្លែងផលិតនាវា នៅសហរដ្ឋអាមេរិក៕
