កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរចុះបង្រ្កាបករណីជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី

ពោធិ៍សាត់៖ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរនោះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួត និង ប៉ុស្តិ៍កំពង់ពោធិ៍ បានចុះបង្ក្រាបមុខសញ្ញាជួញដូររក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណីកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
លោកអធិការ មោក ភារម្យ បានឱ្យដឹងថាសមត្ថកិច្ចបានចុះបង្រ្កាបចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណី១ នៅវេលាម៉ោង១៣និង៣៧នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ នៅចំណុចទួលលាបស្ថិតនៅភូមិតាកែវលេី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ អ៊ុំ សុីណាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ ទម្ងន់០,៦៣ក្រាម(ថ្លឹងតែសាច់ថ្នាំសុទ្ធ) ទូរសព្ទដៃចំនួន១គ្រឿង ម៉ូតូ១គ្រឿង។
ករណី២ នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៨និង៣០នាទី បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត នៅចំណុចខាងត្បូងការ៉ាស់សាំង ស្ថិតនៅភូមិរលួស ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ឯម កូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ ទម្ងន់៩៩,៤៦ក្រាម(ថ្លឹងតែសាច់ថ្នាំសុទ្ធ) ទូរសព្ទដៃចំនួន២គ្រឿង។ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+) ទាំង២នាក់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីរៀបចំនីតិវិធី៕

