អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់២ចំណុច ដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ ចំនួន ២ចំណុច ដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។
កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់ នៃកិច្ចព្រមព្រៀងថា៖
ចំណុចទី២ បានចែងថា ភាគីទាំងពីរយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ មិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់ ទីតាំងភាគីម្ខាងទៀត។
ចំណែកឯចំណុចទី៤ បានចែងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន៕
