ពិធីសម្ពោធបើកជាផ្លូវការ នៃសាកលវិទ្យាល័យទួនហ្វា

ភ្នំពេញ÷ចាប់តាំងពីការបង្កើតសមាគមនិកាយចិនទៀជីវកម្ពុជា នៅឆ្នាំ១៩៩៤ មកទល់បច្ចុប្បន្ន សមាគមបាននិងកំពុងធ្វើសកម្មភាពក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការចូលរួមការបណ្តុះបណ្តាលធនធានមនុស្ស ដោយបង្កើតជាសាលារៀន ទួន ហ្វា ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់កម្រិតឧត្តមសិក្សា ការទាក់ទងធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយបរទេស ដោយនាំមកនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ដោយមើលឃើញពីភាពចាំបាច់ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបង្កើតសាកលវិទ្យាល័យ ទួន ហ្វា នេះឡើង ដើម្បីទទួលអប់រំបន្តនៅកម្រិតឧត្តមសិក្សា ដល់សិស្សានុសិស្សនៃសាលារៀនទួនហ្វា និងមកពីគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
ពិធីសម្ពោធបើកជាផ្លូវការ នៃសាកលវិទ្យាល័យទួនហ្វា បានប្រព្រឹត្តទៅក្រោមអធិបតី រួមជាមួយ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឡាវ ម៉េង ឃីង ប្រធានសមាគមនិកាយចិនទៀជាវនៅកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ទួន ហ្វា។
ពិធីសម្ពោធបើកជាផ្លូវការនៅថ្ងៃនេះ ក៏ជាតឹកតាងបញ្ជាក់ពីទស្សនៈវិស័យ និងគោលនយោបាយអប់រំរបស់សាកលវិទ្យាល័យ ទួនហ្វា សំដៅឆ្ពោះទៅរកបុព្វហេតុរួម ដើម្បីគាំទ្រនិងជំរុញកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានឧត្តមភាព និងចូលរួមកសាងសង្គមជាតិឱ្យក្លាយទៅជាសង្គមពុទ្ធិនិងវិបុលភាព ការទទួលស្គាល់គុណភាពអភិវឌ្ឍនៅលើឆាកអន្តរជាតិ និងឧត្តមភាពសេដ្ឋកិច្ចជាតិ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល៕

