អភិបាលខេត្តកែប អំពាវនាវដល់បងប្អូនដែលបានធ្វើមាតុភូមិនិវត្តន៍ពីថៃទាំងអស់ស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅស្រុកកំណើតវិញ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ន និងពលករដែលបានធ្វេីចំណាកស្រុក ក៏ដូចជាជនភៀសឹក ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ ដែលបានធ្វេីមាតុភូមិនិវត្តន៍ នៅសាលាក្រុងកែប ខេត្តកែប ចំនួន ២៦គ្រួសារ ស្មេីនឹង ៨២នាក់។
សកម្មភាពនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែព្រួយបារម្មណ៍ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ព្រមជាមួយនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកែប ក៏បានអំពាវនាវដល់បងប្អូនដែលបានធ្វើមាតុភូមិនិវត្តន៍ទាំងអស់ឲ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅស្រុកកំណើតយើងវិញ ព្រោះនៅខេត្តកែប ក៏ដូចជាខេត្តជិតខាងរបស់យើងក៏មានការងារជាច្រើនកន្លែងសម្រាប់បងប្អូនធ្វើ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងទ័ពកម្ពុជាទាំងអស់ដ៏អង់អាចក្លាហាន ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
អំណោយដែលឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានផ្តល់ជូនបងប្អូនពលករនាឱកាសនេះរួមមាន៖ អង្ករ ចានដែក ទឹកសុទ្ធ ០១កេះ មីយើង ទឹកត្រីទឹកស៉ីអ៉ីវ ទឹកដោះគោ៕

