រន្ទះបាញ់ភោជនីយ៍ដ្ឋានដែលប្រសិទ្ធិនាមថា (ជាប់ស្នេហ៍អូន) ឆេះបង្កការភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:០០ នាទី មានករណីគ្រោះធម្មជាតិរន្ទះបាញ់ នៅចំណុចដីឡូត៍ខាងជើងរោងចក្រហាត់ឌីសដែលស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យឆេះភោជនីយដ្ឋានមួយកន្លែងឈ្មោះ(ជាប់ស្នេហ៍អូន)ដែលមានទំហំ ២០ម X ៣០ម ធ្វើអំពីដែកដំបូលប្រក់ស្បូវបណ្តាលអោយខូចខាតទាំងស្រុងនៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍គ្រោះអគ្គីភ័យដោយរន្ទះបាញ់នេះ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យ នៃអធិការនគរបាលក្រុងប៉ោយប៉ែត បានចេញទៅជួយអន្តរាគមន៍សង្រ្គោះ ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន បានរលត់ទាំងស្រុងនៅម៉ោង៣និង៣០នាទី នាថ្ងៃដដែល។
លោកអធិការបានបញ្ជាក់ថា អំពីការខូចខាតទ្រព្យសម្បត្តិនៅក្នុងភោជនីយដ្ឋានក្តាប់មិនទាន់បាននិងមិនបណ្តាលអោយអ្នកណាម្នាក់គ្រោះថ្នាក់ឡើយ ។
បើតាមពលរដ្ឋដែលបានឃើញហេតុការណ៍ដំបូងបានប្រាប់ថាៈមុនកើតហេតុគេឃើញមេឃមីខ្មៅដេរដាស់ ភ្នែកលាយឡំជាមួយផ្លេកបន្ទោរភ្លែតៗស្រាប់តែបន្តិចក្រោយមកឮស្នូសំលេងរន្ទះបាញ់លើដំបូលរោងផឹកស៊ី ដែលទើបបើកថ្មីប្រមាណជា៣ទៅ៤ខែ មានអណ្ដាតភ្លើងឆេះលើដំបូលប្រកស្បូវ បង្កឲ្យមានភ្ញាក់ផ្អើលដល់ពលរដ្ឋនិងអាជ្ញាធររួមទាំងសមត្ថកិច្ចនិងហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ពន្លត់៕

