ក្រសួងការងារ នាំយកឱកាសការងារជាង ៥ពាន់កន្លែងជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយលោក សួន ដានី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សន ចំរ៉ុង អភិបាលរងស្រុកចិត្របុរី និងលោក មួន វល័ក្ខ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជាង ៥ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងឱកាសចុះផ្សព្វផ្សាយនោះ ក៏មានការចូលរួមពីតំណាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន តំណាងបេឡាជាតិសន្តិសុខសង្គមខេត្តក្រចេះ និងមន្រ្តីក្រោមឱវាទរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅវត្តជួរក្រូច ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួងក៏បានផ្សព្វផ្សាយអំពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ២៦១នាក់។ ទន្ទឹមគ្នានោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរចំនួន ៥០នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មជាង ៥ពាន់កន្លែងផងដែរ៕

