ក្រុមហ៊ុន Tesla អនុម័តផ្ដល់ភាគហ៊ុនមានតម្លៃ ២៩ ពាន់លានដុល្លារដល់ប្រធានអគ្គនាយក Elon Musk

(បរទេស)÷ ថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន Tesla បានអនុម័តផ្ដល់ភាគហ៊ុនមានតម្លៃ ២៩ ពាន់លានដុល្លារ ដល់ CEO Elon Musk ដើម្បីរក្សាគាត់ជាអ្នកដឹកនាំ ក្រោយពីតុលាការ Delaware បានបោះបង់កិច្ចព្រមព្រៀងប្រាក់ឈ្នួលចាស់នៅឆ្នាំ ២០១៨ ដែលមានតម្លៃលើស ៥០ ពាន់លានដុល្លារ ដោយឃើញថាមិនយុត្តិធម៌សម្រាប់ភាគហ៊ុនរួម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
Musk កំពុងឧទ្ធរណ៍នឹងសេចក្ដីសម្រេចនោះ។ ភាគហ៊ុនថ្មី ៩៦ លានក្រដាសនេះ មានគោលបំណងជួយអោយគាត់បន្តអនុវត្តភារកិច្ចដឹកនាំ Tesla នៅពេលក្រុមហ៊ុនកំពុងផ្លាស់ប្តូរទិសដៅពីរថយន្តអគ្គិសនីទៅបច្ចេកវិទ្យា AI ដូចជា Robotaxi និងមនុស្សយន្ត។
គាត់ត្រូវបង់ $២៣.៣៤ សម្រាប់ភាគហ៊ុននីមួយៗ ដើម្បីឲ្យវាក្លាយជាកម្មសិទ្ធិពិត។ តម្លៃភាគហ៊ុន Tesla បានកើនឡើងជាង ២% បន្ទាប់ពីការប្រកាសព័ត៌មាននេះ។
