ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន សួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពវីរៈកងទ័ព អនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានពលីជីវិតក្នុងជន្មាយុ ៥៥ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថានចុះសួរសុខទុក្ខ និងរំលែកទុក្ខដ៏សោកសៅជាទីបំផុតជូនគ្រួសារសពអនុសេនីយ៍ឯក អ៊ុន វណ្ណា វីរៈកងទ័ពនៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ ដែលបានពលីជីវិតក្នុងជន្មាយុ៥៥ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ និងបានដឹកបញ្ជូនសពតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង៤៖៤៥នាទីព្រឹក ដែលស្ថិតនៅភូមិបុរីតេជោសែនកើត ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាមួយការចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសព ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយ លោកស្រី ប៉ិច គន្ធា ដែលជាភរិយានៃសព ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ វីរកងទ័ព អនុសេនីយឯក អ៊ុន វណ្ណា សូមឱ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

