ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រចាំនៅកម្ពុជា

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍នៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រចាំនៅកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកដ្ឋានជំនាញពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំពិភាក្សាគឺដើម្បីផ្តល់ធាតុចូលបន្ថែមលើផែនការអភិវឌ្ឍន៍គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនភាគីក្រុមហ៊ុន ឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឱ្យការអនុវត្តការងារបានរលូន និងប្រកបដោយប្រសិទ្ធភាព៕

