កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូបារាំងមកកាន់កម្ពុជា ស្តីពីការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ថ្ងៃចន្ទ ១១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ទទួលស្វាមគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូបារាំងមកកាន់កម្ពុជា
ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណង
•សិក្សា និងចែករំលែកយុទ្ធសាស្ត្រ គោលនយោបាយ និងឧបករណ៍ធ្វើផែនការ និងការគ្រប់គ្រងទីក្រុងប្រកបដោយនវានុវត្តន៍ ដែលឆ្លើយតបចំពោះបញ្ហានៅមូលដ្ឋាន ដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់ ការគ្រប់គ្រងទឹក ទីធ្លាសាធារណៈ និងទីក្រុងបៃតង ជាដើម។
•ស្វែងយល់ពីឧទាហរណ៍ ដែលបង្ហាញពីជោគជ័យនៃការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងក្រុង និងដំណោះស្រាយសម្រាប់ការផ្តល់សេវាសាធារណៈ។
•ពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការការរៀបចំផែនការក្រុង តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរួមគ្នាលើបច្ចេកទេសរៀបចំផែនការទីក្រុង ការសម្រេចចិត្តផ្អែកលើទិន្នន័យ និងការបង្កើនប្រសិទ្ធភាពធនធាន។
•កសាងបណ្តាញ និងភាពជាដៃគូរយៈពេលវែងជាមួយរដ្ឋបាលមូលដ្ឋាន និងស្ថាប័ននៃប្រទេសបារាំង-កម្ពុជា ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ ការអនុវត្តគម្រោងរួមគ្នា និងការចែករំលែកធនធាន នាពេលអនាគត។
•កំណត់ពីឱកាសសហការគ្នាអនុវត្តគំនិតផ្តួចផ្តើមអភិបាលកិច្ចមូលដ្ឋាន ដែលជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
ដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម ស៊ន ស៊ុនសុភកិ្ដ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី លោក លោកស្រីជាមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងគណៈប្រតិបារាំង ដែលមានចំនួនសមាសភាពអ្នកចូលរួមសរុប១២រូប (ស្រី៤រូប)៕

