សម្តេចធិបតី ថ្លែងអំណរគុណដល់ពាក់ព័ន្ធ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» រហូតទទួលបានជោគជ័យគួរជាទីមោទនៈ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង, ក្រុមការងារបច្ចេកទេស, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ជាពិសេស សាលារាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ព្រមទាំងភាគីអន្តរជាតិ ជាអាទិ៍ ការិយាល័យអង្គការយូណេស្កូភ្នំពេញ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC), ស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, អង្គការ KOICA អង្គការ GIZ-CPS, អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
ក្នុងឱកាសអញ្ជើញអបអរសាទរ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព » ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមរៀបចំ និង ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវព្រឹត្តិការណ៍នាពេលនេះ, ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជានិច្ចកាលបានដើរតួជាកម្លាំងស្នូលនៅគ្រប់ព្រឹត្តិការណ៍ និងជាមេដែកឆក់ទាញនូវឆន្ទៈដ៏មោះមុតនូវស្មារតីស្នេហាជាតិ ប្រកបដោយការលះបង់ដ៏ខ្ពស់របស់យុវជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ, កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប ដែលត្រៀមគ្រប់ៗពេល ដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សិល្បករ សិល្បការិនី, បណ្ដាញសារព័ត៌មាន និងជនរួមជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះក្តី និងនៅតាមគេហដ្ឋានក្តី ក្នុងនាម «ខ្មែរតែមួយ»។
ជាមួយគ្នានេះសម្ដេចធិបតី ក៏បានថ្លែងអំណរគុណ, កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជនរួមជាតិ, ទាំងព្រះសង្ឃ ទាំងគ្រហស្ថ, សិស្ស-និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ, សង្គមស៊ីវិល ដែលបានចូលរួមអបអរសាទរយ៉ាងសកម្ម នៅទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា, ស្ថាប័នរដ្ឋ និង ឯកជន ដោយបានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីជាការបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ៕

