សម្តេចធិបតី៖ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្រជាតិយើង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានមកចូលរួម ក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្រជាតិយើង។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញអបអរសាទរ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព » ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។
ជាមួយគ្នានេះសម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកពាក់ព័ន្ធទាំងអសើដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយ, ប្រាជ្ញា និងស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និង វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលយើងគ្រប់រូបកំពុងអបអរសាទរនាឱកាសនេះ៕

