ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ក្រសួងបន្តថា តួយ៉ាងក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមក្នុងវិស័យដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរ ផ្តល់ផាសុកភាព និងអមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវផងដែរ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបជាង ៣០៦គីឡូម៉ែត្រ ដោយក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ផងដែរ៕

