កិច្ចសហប្រតិបត្តិដ៏ល្អរវាងកម្ពុជា និងកូរ៉េ បានទាក់ទាញភ្ញៀវទេសចរកូរ៉េបន្តឈរក្នុងទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា បន្ថែមជាមួយព្រឹត្តការណ៍តន្រ្តីទេសចរណ៍ធំៗ ពីសំណាក់ក្រុមតារាចម្រៀង K-Pop ដ៏ល្បី និងកម្រិតពិភពលោកជាច្រើនទៀត

ភ្នំពេញ៖ តបតាមការអញ្ជើញពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងជូនដំណើរនិវត្តន៍បន្ទាប់ពីបានបញ្ចប់អាណត្តិការទូតនៅកម្ពុជារបស់ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហង្ស ជួនណារ៉ុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម-លោកជំទាវ សមាជិករាជរដ្ឋាភិបាល ព្រមទាំងឯកឧត្តម លោកជំទាវជាអង្គទូតបរទេសប្រចាំនៅកម្ពុជា នៅស្ថានទូតសាធារណរដ្ឋកូរ៉េ។
សូមជម្រាបជូនថា ក្នុងអាណត្តិទូតរបស់ឯកឧត្តម PARK Jung-Wook ទំនាក់ទំនងសហប្រតិបត្តិ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន-ទេសចរ មានលក្ខណៈល្អ ដោយភ្ញៀវទេសចរកូរ៉េនៅតែឈរជាទីផ្សារទេសចរណ៍ដ៏សំខាន់ទាំង១០របស់ប្រទេសកម្ពុជា ដោយនៅឆ្នាំ២០២៤ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរកូរ៉េចំនួនជិត២សែននាក់ ហើយក្នុងអំឡុងដើមឆ្នាំ២០២៥ ថ្មីនេះ ភ្ញៀវទេសចរកូរ៉េច្រើនជាង៩ម៉ឺននាក់បានមកធ្វើទេសចរណ៍នៅកម្ពុជារួចទៅហើយ៕

