ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនស៊ីកា(SIKA) ដើម្បីស្វែងយល់ពីផលិតផលជម្រាបទឹកសម្រាប់សំណង់ធារាសាស្ត្រ

ភ្នំពេញ៖នារសៀល ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនស៊ីកា(SIKA) ដែលនាំចូល និងចែកចាយឧបករណ៍សម្ភារៈការពារជម្រាបទឹក ជាតិគីមីសម្រាប់សំណង់ធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណង៖ ទី១)ស្វែងយល់ពីផលិតផលរបស់ក្រុមហ៊ុនស៊ីកា ទី២)ជំរុញឱ្យក្រុមហ៊ុនស៊ីកាសិក្សាបន្ថែម ដើម្បីឱ្យសមស្របទៅនឹងទីតាំងដីជាក់ស្តែង ស្ថានភាព លក្ខណៈ និងប្រភេទសំណង់ជាដើម ទី៣)ជំរុញឱ្យក្រុមហ៊ុនស៊ីកានាំចូលគ្រឿងបរិក្ខារ និងសម្ភារៈគីមីសំណង់ឱ្យមានគុណភាពសមស្រតាមបរិបទរបស់កម្ពុជា និងទី៤)ដើម្បីពង្រឹងគុណភាពសមត្ថភាពរបស់សំណង់អាងស្តុកទឹករយៈពេលវែង ក្នុងការគ្រប់គ្រងទឹក និងបញ្ជាទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូក្រុមហ៊ុនពីគម្រោងសំណង់ស្ទាក់ទឹកជាច្រើនកន្លែង ដែលក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្ត ដូចជា សំណង់ស្ទាក់ទឹកស្ទឹងក្រញូង ខេត្តបាត់ដំបង សំណង់ស្ទាក់ទឹកទំនប់លេខ២ ខេត្តពោធិ៍សាត់ និងសំណង់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ ព្រមទាំងសំណង់ប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងទៀត៕

