កុមារកំព្រា និងចាស់ឥតទីពឹង នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាលើកទី២៥ នូវ ស្បៀងអាហារ និងថវិកាពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការីចុះមកសួរសុខទុក្ខ ដោយភ្ជាប់មកជាមួយនូវស្បៀងអាហារ-សម្ភារៈ និងថវិកា ព្រមទាំងរៀបចំអាហារសាមគ្គីមួយពេលជូនដល់បុគ្គលិក កុមារកំព្រា ចាស់ឥតទីពឹង ចំនួន៣២៨នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងថា “ ក្មេងដែលមកស្នាក់នៅទីនេះ យើងទាំងអស់គ្នាបានឃើញស្លៀកពាក់ស្អាតៗ រាំស្អាត ញញឹមស្អាត តែពួកគាត់បានមកពីកន្លែងដែលពិបាកនិងកម្សត់បំផុតដែលធ្លាប់មានរឿងដូចជា កុមារខ្លះជាទារកទើបនឹងកើត ដែលគេយកមកបោះបង់ចោល ខ្លះដោយសារឪពុកសម្លាប់ម្ដាយ ទុកឱ្យកូននៅកំព្រា ហើយយើងបានយកមកចិញ្ចឹម។ ខ្លះទៀតម្ដាយជួបបញ្ហាច្រើន កូននៅតូចគ្មានទីពឹង, ឯខ្លះទៀតគ្រួសារគ្មានលទ្ធភាព ខ្លះម្ដាយស្លាប់ចោល ខ្លះម្ដាយឪពុកញៀនគ្រឿងញៀន យកកូនមកទុកចោលជាដើម »។
លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ថា «មកទល់ពេលនេះ ខ្ញុំមានការសប្បាយចិត្ដដែលក្នុងនាមខ្លួនផ្ទាល់មិនមែនជាអ្នកដើមកំណើតជាខ្មែរមែនពិត តែមករស់នៅស្រុកខ្មែរមានអារម្មណ៍ស្រស់ស្រាយ សុខសប្បាយ ពិសេសមានសេរីភាពពេញលេញក្នុងការរស់នៅ និងសុខដុមរមនីយកម្មសាសនា ដោយមិនមានប្រកាន់ពូជសាសន៍ សាសនាណាមួយឡើយ»។
ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់តំណាងនាំយកនូវស្បៀងឧបភោគ-បរិភោគ សម្ភារៈ និងថវិកាមួយចំនួន មកប្រគល់ជូនដល់អង្គការដោយផ្ទាល់ជាបន្តបន្ទាប់ ដែលនេះគឺជាការជួយមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
ក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាម្លប់ដ៏ឧត្តុង្គឧត្តមជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណ មនិងកោតសរសើរ ដល់បុគ្គលិក លោកគ្រូអ្នកគ្រូថែទាំកុមារទាំងអស់ ដែលបាន យកចិត្តទុកដាក់យ៉ាងល្អប្រសើរក្នុងការជួយចិញ្ចឹមបីបាច់ ថែទាំដល់កុមារ និងអ្នកនៅទីនេះទាំងអស់ ដែលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាអង្គការបានចូលរួមសម្រាលនូវបន្ទុករាជរដ្ឋាភិបាល និងចូលរួមកសាងអភិវឌ្ឍធនធានមនុស្សក្នុងសង្គមជាតិកម្ពុជា។
លោកជំទាវបានបន្តថា៖ នៅអង្គការនេះមានបរិស្ថានស្អាត ខ្យល់អាកាសល្អ និងមានកន្លែងលេងកីឡាផ្សេងៗទៀតដូច្នេះអ្វីដែលក្មួយៗចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លូនឯងឱ្យបានល្អនោះគឺត្រូវមានអនាម័យជានិច្ចក្នុងការរស់នៅដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ ចំណែកការបរិភោគប្រចាំថ្ងៃគឺកុំផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ពោលគឺ “ស្រឡាញ់ខ្លួន ស្ងួនចំណី” ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម ។ ព្រមទាំងរស់នៅត្រូវប្រកបដោយសីលធម៌ គុណធម៌ និងត្រូវខិតខំរៀនសូត្រ ហើយធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ គឺមានទាំងចំណេះដឹង និងទាំងសុខភាពល្អ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិក្នុងសុខសន្តិភាព។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនអង្គការសង្គ្រោះជនអស់សង្ឃឹម ចាប់តាំងពីឆ្នាំ២០១៣ រៀងមក ដែលពេលនេះគឺជាលើកទី២៥ហើយ ដែលអំណោយរួមមាន៖ អង្ករ ៣តោន, មី ២០កេស , ត្រីខ ៥កេសធំ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ប្រេងឆា ២កេស, ស្ករស ២៥គីឡូក្រាម, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, សាប៊ូកក់សក់(ក្លិន) ៧កេស, ឃីត (សារុង មុង ភួយ ក្រមា) ចំនួន៥០ឃីត និងថវិកា និងថវិកា ២០លានរៀល ព្រមទាំងអាហារនំបញ្ចុកដ៏ឆ្ងុយឆ្ងាញ់មួយពេលទៀតផង៕

