ប្រធានសហភាពអឺរ៉ុប និងប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសកិច្ចព្រមព្រៀងនយោបាយ ដើម្បីជាស្ពានឈានទៅរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ប្រ៊ុចសែល៖ លោកស្រី អ៊ូស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានសហភាពអឺរ៉ុប និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃទី១៣ ខែកក្កដា បានប្រកាសកិច្ចព្រមព្រៀងនយោបាយ ដើម្បីជាស្ពានឈានទៅរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈដែលមេដឹកនាំអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងក្រឡុកពាណិជ្ជកម្មពិភពលោក។
ប្លុក២៧ប្រទេស និងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងចរចាតាំងពីឆ្នាំ២០១៦ ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងដែលរំពឹងថានឹងបង្កើនពាណិជ្ជកម្ម និងការវិនិយោគ។ គណៈកម្មការអឺរ៉ុបបានហៅកិច្ចព្រមព្រៀងនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើកិច្ចព្រមព្រៀង ដែលនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញា ដោយប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិច (Maros Sefcovic) និងរដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto)។
កិច្ចព្រមព្រៀងថ្មីនេះនឹងបើកទីផ្សារថ្មី និងបង្កើតឱកាសបន្ថែមទៀតនៅក្នុងឧស្សាហកម្មសំខាន់ៗ សកម្មភាពអាជីវកម្ម កសិកម្ម យានយន្ត និងសេវាកម្ម។
រដ្ឋធានីប្រ៊ុចសែលបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងជាមួយដៃគូសក្តានុពលសំខាន់ៗជុំវិញពិភពលោក ខណៈដែលបុរសសេដ្ឋកិច្ច ត្រាំ កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងគំនាបពន្ធ។
លោកស្រី វ៉ុនឌែរ ឡេយែន បានថ្លែងយ៉ាងដូច្នេះថា៖«កិច្ចព្រមព្រៀងនយោបាយដ៏ធំ និងសំខាន់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌូណេស៊ីថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅមុខ ហើយបង្ហាញថាយើងកំពុងស្វែងរកទីផ្សារថ្មី ទីផ្សារបើកចំហ»។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី៥របស់ឥណ្ឌូណេស៊ី ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣០,១ពាន់លានដុល្លារកាលពីឆ្នាំមុន៕
