ប្រធានសហភាពអឺរ៉ុប ប្រកាសថា រដ្ឋធានីប្រ៊ុចសែលនឹងបន្តផ្អាកលើការសងសឹកវិញចំពោះពន្ធដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាម៉េរិក

ប្រ៊ុចសែល៖ លោកស្រី អ៊ូស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានសហភាពអឺរ៉ុប បានប្រកាសថា រដ្ឋធានីប្រ៊ុចសែលនឹងបន្តផ្អាកលើការសងសឹកវិញចំពោះពន្ធដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាម៉េរិក ខណៈដែលប្លុកនេះស្វែងរកកិច្ចព្រមព្រៀងដើម្បីជៀសវាងការយកពន្ធ៣០ ភាគរយ។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងដាក់ពន្ធបន្ថែមទៀតលើប្លុកនេះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចត្រឹមថ្ងៃទី១ ខែសីហា។
ជាការឆ្លើយតប លោកស្រី វ៉ុនឌែរ ឡេយែន បានឱ្យដឹងថា សហភាពអឺរ៉ុបនឹងបន្តការផ្អាកវិធានការតបតរបស់ខ្លួនរហូតដល់ដើមខែសីហា ខណៈពេលដែលកំពុងបន្តរៀបចំសម្រាប់វិធានការតបត។
ប្រធានគណៈកម្មការអឺរ៉ុបរូបនេះទទូចថា សហភាពអឺរ៉ុបជ្រើសរើសដំណោះស្រាយតាមរយៈការចរចា ហើយនឹងប្រើពេលវេលាដែលមានរហូតដល់ថ្ងៃទី១ ខែសីហា។
ការសម្រេចរបស់លោកស្រី វ៉ុនឌែរ ឡេយែន នឹងបង្កើនក្ដីសង្ឃឹមថា ការគំរាមកំហែងចុងក្រោយបំផុតរបស់លោក ត្រាំ មិនបានលុបចោលវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងការចរចាកន្លងមករវាងរដ្ឋធានីប្រ៊ុចសែល និងវ៉ាស៊ីនតោននោះទេ។ គួរជម្រាបថា ការផ្អាកការសងសឹកលើពន្ធដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាម៉េរិក ត្រូវបានកំណត់ថានឹងផុតកំណត់ពីយប់ថ្ងៃចន្ទទី១៤ ដល់ថ្ងៃអង្គារទី១៥ ខែកក្កដា។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទទី១៤ ខែកក្កដានេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ប្លុកចំពោះវិធានការចុងក្រោយរបស់លោក ត្រាំ។
អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីដរិច មឺស (Friedrich Merz) បានយល់ព្រមជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអេល ម៉ាក្រុង ដែលបាននិយាយថា សហភាពអឺរ៉ុបត្រូវតែពន្លឿនការរៀបចំវិធានការតបតដែលអាចជឿទុកចិត្តបាន ក្នុងករណីគ្មានកិច្ចព្រមព្រៀងមុនថ្ងៃទី១ ខែសីហា៕
