សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោកថាក់ស៊ីនថាកុំព្រហើនឱ្យសោះ

ភ្នំពេញ៖ តាមរយៈវីដេអូនៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដោយផ្ដោតទៅលើ២ចំនុចសំខាន់គឺសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ និងការឆ្លើយតបទៅនឹងលោក ថាក់ស៊ីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃថា កុំព្រហើន និងឆ្លើយកោងកាចដាក់សម្តេចឲ្យសោះ ខណៈអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ គឹស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោកថាក់ ស៊ីន បានលួចផ្តល់ឯកសារសំងាត់មកឲ្យសម្តេចកាលពីអំឡុងពេលលោកអាប់ភីស៊ីត វីចារជីវ៉ាជានាយករដ្ឋមន្រ្តីថៃនាឆ្នាំ២០១០ ពាក់ព័ន្ធនឹងការផ្តល់ជំនួយជាថវិការបស់ថៃមកកម្ពុជា ដើម្បីកសាងផ្លូវជាតិលេខ៦៨នៅកម្ពុជាតាមបណ្តោយព្រំដែន។ ប៉ុន្តែសម្តេចបានប្រកាសត្រឡប់ទៅវិញថា សម្តេចមិនទទួលយកលុយជាជំនួយក្នុងការកសាងផ្លូវនោះទេ ដោយសារបានទទួលព័ត៌មានថា លោក អាភីស៊ីត វិចារជីវ៉ានឹងបង្កក់លុយដើម្បីពន្យារពេលក្នុងការកសាងផ្លូវនេះ។ ដោយឯកសារនោះត្រូវបានលោកថាក់ ស៊ីនផ្តល់ឲ្យសម្តេចដឹង មុន។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានព្រមានទៅកាន់លោក ថាក់ស៊ីនផងដែរថាកុំព្រហើន និងឆ្លើយឲ្យសោះ ខណៈលោកថាក់ ស៊ីនឯងមានបទល្មើសទាក់ទងក្បត់ជាតិថៃខ្លួនឯង ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឲ្យដឹងផងដែរថា លោក ថាក់ ស៊ីន បានមានវាសនាចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញបានដោយសារសម្តេចជាអ្នកជួយជ្រោមជ្រែងទេ ដូច្នេះហើយសូមកុំព្រហើន។យ៉ាងណាក៏ដោយ សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា សារក្រើនរំលឹកដល់លោក ថាក់ ស៊ីននេះ នឹងផ្អើលនៅទូទាំងទីក្រុងបាងកកជាក់ជាមិនខានឡើយ។
ការលើកឡើងរបស់សម្តេចតេជោផ្តាំទៅលោកថាក់ស៊ីនេះ គឺបានឆ្លើយតបចំពោះការលើកឡើងរបស់ថាក់ស៊ីន ដែលបាននិយាយថា«រាប់អានមនុស្សខុស»ខណៈពាក្យនេះគឺសម្តៅមកលើសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំជួយលោកឲ្យបានចូលស្រុកវិញនោះ៕

