សម្តេចតេជោ៖ ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺងាយណាស់ក្នុងការប៉ះទង្គិចរវាងកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺងាយណាស់ក្នុងការប៉ះទង្គិចរវាងកម្ពុជា-ថៃ។
សម្ដេចបានលើកឡើងបែបនេះ នៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដោយផ្ដោតទៅលើ២ចំនុចសំខាន់គឺសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ និងការឆ្លើយតបទៅនឹងលោក ថាក់ស៊ីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥឡូវយើងពិនិត្យមើល តើនរណាជាអ្នកឃុបឃិតជាមួយថៃនាពេលនេះអ្នកនោះហើយនឹងទទួលផល ខណៈមានអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃថា ឱ្យពួកនេះ (ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក)មករៀបចំកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសថៃ តើគោលការណ៍អាស៊ាននៅត្រង់ណា? តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំនៃកម្លាំងនេះទេ?៕

