សម្តេចធិបតី៖ ការកសាងនិងធ្វើទំនើបកម្ម វិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ

ភ្នំពេញ៖ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការកសាង និងធ្វើទំនើបកម្ម វិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់យើងពីការឈ្លានពានរបស់បរទេស។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកងទ័ពមានបីយ៉ាង គឺទីមួយការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, ទីពីរ ទំនើបកម្មការកសាងធនធានមនុស្ស និងទីបីការធ្វើទំនើបកម្មគ្រឿងបំពាក់, ឧបករណ៍បំពាក់។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្ថែមថា បច្ចុប្បន្ន នៅលើពិភពលោក គេមិនសូវបារម្ភពីការប្រើប្រាស់កងទ័ព ដើម្បីធ្វើសង្គ្រាមទេ ប៉ុន្ដែគេបារម្ភការប្រើមធ្យោបាយកូនកាត់ ឬចម្រុះ ដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ក្រុមអនាមិក វាយលុកចូលប្រព័ន្ធបច្ចេកវិទ្យា វ៉េបសាយ និងបង្កើតព័ត៌មានក្លែងក្លាយជាដើម៕

