អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រារព្ធ ពិធីបញ្ចុះបឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សា ជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម ការងារ សាងសង់អគារសិក្សា នៅខេត្ត កំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាននិង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបទៀតបានអញ្ជើញប្រារព្ធ ពិធីបញ្ចុះ បឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សាជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជាចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យ ទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និង សាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារ អាម៉េរិក។
ទាក់ទងនឹងការសាងសង់អគារសិក្សានេះដែរ សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាព មួយរបស់ខ្លួន ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។
សូមជម្រាបថា ក្នុងកម្មវិធីសប្បុរសធម៌ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការអប់រំ» នៅលើទឹក ដីខេត្តកំពង់ធំ សមាគមឧកញ៉ាកម្ពុជា បានកៀរគរ នូវធនធានជាថវិកា និងសម្ភារៈប្រមាណជិត ២លាន ដុល្លារដែលជាការបរិច្ចាគរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិករបស់សមាគមដើម្បីជួយ កសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងឧបត្ថម្ភជាសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយ ធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាទាំង១០ ដោយក្នុងនោះមានសាលាចំនួន ៥ដែលទទួល បានអគារសិក្សា ដើម្បីបំពេញតម្រូវការ។ក្នុងនោះវិទ្យាល័យទ្រៀលទទួលបានអគាមួយខ្នង កម្ពស់បីជាន់ មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារមួយខ្នង កម្ពស់ពីរជាន់ មាន ១០បន្ទប់។ ចំណែកសាលា បឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបាន អគារមួយខ្នង កម្ពស់មួយជាន់មានប្រាំបន្ទប់ដូចៗគ្នា៕

