មន្ត្រីជាន់ខ្ពស់បរិស្ដាន៖ ការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុគឺមានសារៈសំខាន់ណាស់

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុរបស់ប្រទេសកម្ពុជា គឺមានសារៈសំខាន់ និងពង្រឹងស្មារតីរបស់ពួកគេ។
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញចូលរួមក្នុងការចាប់ផ្តើមកម្មវិធី PowerWise នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ” ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុរបស់ប្រទេសកម្ពុជា គឺមានសារៈសំខាន់ និងពង្រឹងស្មារតីរបស់ពួកគេ។ យុវជនមិនមែនគ្រាន់តែជាអ្នកដឹកនាំសម្រាប់ថ្ងៃស្អែកប៉ុណ្ណោះទេ។ ពួកគេក៏ជាអ្នកចូលរួមចំណែកអភិវឌ្ឍសង្គមថ្ងៃនេះផងដែរ។ ជាមួយធនធាន និងឱកាសសមស្រប ពួកគេអាចជំរុញសកម្មភាពអាកាសធាតុ ដែលមានឥទ្ធិពលវិជ្ជមាននៅកម្រិតសហគមន៍។ នេះជាមូលហេតុដែលក្រសួងបរិស្ថានគាំទ្រយ៉ាងសកម្មចំពោះផែនការយុទ្ធសាស្ត្រ ដែលមានការចូលរួមពីយុវជនដើម្បីកសាងភាពធន់ និងនិរន្តរភាព”។
ឯកឧត្ដមបន្តថា គំនិតផ្តួចផ្តើមរបស់យើងផ្តល់សិទ្ធិអំណាចដល់អ្នកស្ម័គ្រចិត្តវ័យក្មេងតាមរយៈការអប់រំ និងសកម្មភាពបរិស្ថាន ដោយធានាថាសំឡេងរបស់ពួកគេ អាចរំលិចរូបរាងគោលនយោបាយអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ការចូលរួមរបស់យុវជនមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុរបស់ប្រទេសកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងជាសមូហភាព និងអន្តរជំនាន់។ រួមគ្នាតាមរយៈកម្មវិធីដូចជា PowerWise និងយុទ្ធសាស្ត្រទូលំទូលាយដូចជា CCSP កម្ពុជាកំពុងបង្កើតផ្លូវឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព ភាពធន់ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
សូមបញ្ជាក់ថា PowerWise បម្រើជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដោយស្របតាមផែនការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួល អាកាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និង យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាន នូវគោលដៅមហិច្ឆតាឆ្នាំ២០៥០របស់ប្រទេសកម្ពុជា។ លើសពីនេះ តាមរយៈការអនុវត្តគោលនយោបាយ ប្រសិទ្ធភាពថាមពលជាតិ (NEEP) ការប្រកួត ប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពលនៅក្នុងអគារពាណិជ្ជកម្ម៕

