TikTok កំពុងបង្កើតកំណែថ្មីនៃកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់អាមេរិក

បរទេស៖ បើយោងតាមរបាយការណ៍ពី The Information និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា TikTok កំពុងបង្កើតកំណែថ្មីនៃកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់អាមេរិក មុនពេលការលក់អាចកើតឡើង ខណៈដែល TikTok មានគម្រោងលក់កម្មវិធីរបស់ខ្លួនទៅក្រុមវិនិយោគឯកជនមួយ។
របាយការណ៍នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍មុនថា លោកនឹងចាប់ផ្តើមពិភាក្សាជាមួយចិននៅថ្ងៃចន្ទ ឬអង្គារ ស្ដីពីការទិញលក់ TikTok។
លោកបានថ្លែងថា សហរដ្ឋអាមេរិក «ស្ទើរតែមានកិច្ចព្រមព្រៀង» សម្រាប់ការលក់កម្មវិធីវីដេអូខ្លីនេះ។ TikTok មានផែនការចេញផ្សាយកម្មវិធីថ្មីនេះនៅលើ App Store នៅសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែកញ្ញា។ នេះបើយោងតាមរបាយការណ៍។កាលពីខែមុន លោកត្រាំបានពន្យារពេលដល់ថ្ងៃទី ១៧ ខែកញ្ញា ដើម្បីឲ្យក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅចិន លក់អាជីវកម្ម TikTok នៅអាមេរិក។
របាយការណ៍បន្ថែមថា អ្នកប្រើ TikTok នឹងត្រូវមានកម្មវិធីថ្មី បើចង់បន្តប្រើសេវានេះ បើទោះបីកម្មវិធីចាស់នឹងនៅដំណើរការរហូតដល់ខែមីនា ឆ្នាំក្រោយក៏ដោយ ប៉ុន្តែពេលវេលាអាចផ្លាស់ប្តូរបាន។ យ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើ TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរ ព័ត៌មានពី Reuters ទេ ហើយ Reuters ក៏មិនអាចបញ្ជាក់អំពីរបាយការណ៍នេះបានភ្លាមៗដែរ។
គួរជម្រាបថា កាលពីដើមឆ្នាំមានការពិភាក្សាដើម្បីបំបែកអាជីវកម្ម TikTok នៅអាមេរិក ចេញជាក្រុមហ៊ុនថ្មីមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយមានវិនិយោគិនអាមេរិកកាន់ភាគហ៊ុនភាគច្រើន និងដឹកនាំ។ តែគម្រោងនេះត្រូវបានផ្អាក បន្ទាប់ពីចិនបង្ហាញថា អាចមិនអនុម័តការលក់នេះ បន្ទាប់ពីលោកត្រាំប្រកាសពន្ធចំពោះទំនិញចិន។ លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកប្រហែលជាត្រូវការឲ្យចិនអនុម័តសិន ចំពោះកិច្ចព្រមព្រៀងនេះ៕
