សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវតី ឡាំ ស្រីម៉ៅ សមាជិកយុវជនកាកបាទក្រហមនៃវិទ្យាល័យលំផាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយលោក ខាត់ សាម៉ាល់ លេខាធិការគណៈកម្មាធិការសាខា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវតី ឡាំ ស្រីម៉ៅ សមាជិកយុវជនកាកបាទក្រហមនៃវិទ្យាល័យលំផាត់ ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធម្ម នៅមាត់អូរក្រោយផ្ទះ ស្ថិតនៅភូមិដីឡូតិ៍ ឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ស្ថិតក្នុងឱកាសនោះដែរ លោក ខាត់ សាម៉ាល់ បានពាំនាំប្រសាសន៍ ចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ
ក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ដោយក្តីរន្ធត់ និងសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពយុវតី ឡាំ ស្រីម៉ៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះជំនួសមុខថ្នាក់ដឹកនាំ លោកខាត់ សាម៉ាល់ បានអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សម្ភារថវិកាចូលរួមបុណ្យសពរួមមាន៖
-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថវិកា ចំនួន ៥ លានរៀល
-ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ថវិកា ៥០ ម៉ឺន រៀល
-ព្រមទាំងសប្បុរសជនជា គណៈកិត្តិយសសាខា សមាជិកសមាជិកា គណៈកម្មាធិការសាខាចូលរួមសរុបចំនួន ៦៥ម៉ឺនរៀល និងគ្រឿងបរិភោគសាខាមាន អង្ករ ៥០ គីឡូក្រាម ត្រីខ ២យួរ មី ២កេស ទឹកក្រូច ១កេស ទឹកបរិសុទ្ធ ១កេស។
តាមការបញ្ចាក់របស់សាច់ញាតិ ជនរងគ្រោះសព្វថ្ងៃរស់នៅជាមួយពូ ដោយមុនពេលកើតហេតុពូបានទៅមន្ទីរពេទ្យដើម្បីពិនិត្យជំងឺ តាំងពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៥ ដោយជនរងគ្រោះនៅតែម្នាក់ឯង មុនពេលបាត់ខ្លួននៅថ្ងៃចន្ទ ទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ រហូតមកដល់ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០២៥ ទើបប្រទះឃើញសាកសពដេកស្លាប់នៅអូរក្រោយផ្ទះចម្ងាយប្រហែល ៥០ ម៉ែត្រពីផ្ទះ៕


