ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពី ការងារគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តបតាមការអញ្ជើញរបស់បណ្ឌិសភានគរបាលកម្ពុជា បានផ្តល់កិត្តិយសធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារអន្តោប្រវេសន៍ ដល់សិក្ខាកាមវគ្គបំប៉នជំនាញគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគី និងសិក្ខាកាមវគ្គបំប៉នជំនាញនគរបាលផ្សេងទៀតសរុប ១៥០ នាក់ នៅបណ្ឌិតសភានគរបាលកម្ពុជា ។
សិក្ខាកាមទាំងអស់ បានស្វែងយល់អំពីតួនាទី ភារកិច្ចសំខាន់ៗ និងរចនាសម្ព័ន្ធដឹកនាំការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការគ្រប់គ្រងច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ការគ្រប់គ្រងវត្តមានស្នាក់នៅទាំងជនបរទេសអន្តោប្រវេសន្ត និង ជនបរទេសមិនមែនអន្តោប្រវេសន្ត ការងារអនុវត្តនីតិវិធីចំពោះជនបរទេសល្មើសច្បាប់កម្ពុជា និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ តាមរយ:កិច្ចប្រជុំប្រចាំឆ្នាំរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងស្ថាប័នអន្តោប្រវេសន៍នៃបណ្តាប្រទេសពាក់ព័ន្ធ នៅកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន ។
ក្រោយការបញ្ចប់ការធ្វើបាឋកថា ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានផ្តល់ជូនសៀវភៅសិក្សាគោលស្តីពីការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ដល់សិក្ខាកាមវគ្គបំប៉នជំនាញគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគីចំនួន ៤៨ នាក់ និងបានផ្តល់ជូនសាលាមធ្យមវិជ្ជាជីវ:នគរបាល នៃបណ្ឌិតសភានគរបាលកម្ពុជាចំនួន ១០ ក្បាល ដើម្បីទុកជាឯកសារសម្រាប់សិក្ខាកាមផ្សេងទៀត សិក្សាស្វែងយល់៕

