សម្ដេចតេជោ៖ ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ដែលពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
សម្តេចតេជោបានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មានការប្ដេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ដែរថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព, ជីវភាពប្រជាជនមានស្ថិរភាព, កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព៕

