លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យគ្រប់ផ្នែកលើបញ្ហាផលប៉ះពាល់ ផ្នែកមុខរបរ អាជីវកម្ម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់មន្ទីរជំនាញអង្គរភាពពាក់ពន្ធ័ជុំវិញខេត្ត ដើម្បីពិនិត្យគ្រប់ផ្នែកលើបញ្ហាផលប៉ះពាល់ ផ្នែកមុខរបរ អាជីវកម្ម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋដែលជួបផលលំបាកខ្វះខាតពេលស្ថានភាពបច្ចុប្បន្ននេះ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់មន្ទីរ អង្គភាពស្ថាប័ន ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាពម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍មុខងារនិងធនធាននានាដើម្បីលើកកម្ពស់ការផ្តល់សេវានិងការ អភិវឌ្ឍន៍មូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ។
បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាននៅ ឆ្នាំ២០២៤រួចមក លោកជំទាវបណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងការវាយ តម្លៃ ខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកប ដោយរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការខិត ខំចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាដោះស្រាយនូវរាល់សំណើសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដោយឆ្នាំ២០២៥នេះ គឺជាឆ្នាំនៃការអនុវត្តផែនការ ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែកសម្រេច ឱ្យបាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូច្នេះ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវបន្តយកចិត្តទុក ដាក់រៀប ចំផែនការសកម្មភាព និងថវិកាក្នុងការអនុវត្តន៍កំណែទម្រង់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

