កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ អង្គភាពសវនាកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្ដិ និងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្ដិ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្ដម ស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ ឯកឧត្ដម ហុក ខៀវ ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្ម និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានបុគ្គលិក បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ របស់អង្គភាពសវនាកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្ដិ និងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីរៀបចំ និងការប្រព្រឹត្ដទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្ដិ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាល និងតំណាងអង្គភាពជំនាញពាក់ព័ន្ធចំណុះទីស្ដីការក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងស្វែងរកធាតុចូលបន្ថែមលើសេចក្ដីព្រាងអនុក្រឹត្យទាំងពីរ៖ ទី១គឺក្នុងគោលបំណង រៀបចំអង្គភាពត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រសួងស្ថាប័នចំណុះអង្គភាពនីតិប្រតិបត្ដិអោយឯកភាពគ្នា និងកុំអោយមានការត្រួតពិនិត្យជាន់គ្នាពីអង្គភាពផ្សេងក្នុងក្រសួងតែមួយុ។
រីឯទី២ គឺការកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្ដិ ដើម្បីធានាសង្គតិភាព និងស្ដង់ដារួមនៃភារកិច្ចរបស់អង្គភាពរដ្ឋបាលកណ្ដាលដែលទទួលបន្ទុកបំពេញមុខងារគាំទ្រ និងសម្រួលរបស់ក្រសួង ស្ថាប័ន។
អនុក្រិត្យទាំងពីរនេះ នឹងធ្វើការពិនិត្យ និងវិភាគមុខងាររបស់អង្គភាពផ្សេងទៀតដែលមានមុខងារត្រួតគ្នាក្រោមឱវាទក្រសួង ស្ថាប័នតែមួយ និងពង្រឹងមុខងារគាំទ្រ ដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្ដទៅរបស់ក្រសួង ស្ថាប័ន ក៏ដូចជាការរៀបចំនិងការប្រព្រឹត្ដទៅរបស់អង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្ដិ មានប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រម «រៀបចំផ្ទះអោយរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។

